ភ្នំពេញ៖ ចេញផ្សាយថ្ងៃពុធ ទី២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស ខូវីឌ-១៩ (Covid-19)ចំនួន ៩៣ ករណីហើយ បើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្មណ៍ អំពីសុវត្ថិភាព ទាំងខាងសុខភាព និង ខ្លាចកង្វះអាហារទទួលទានផង អ្នកខ្លះក៍នាំគ្នាទិញនូវគ្រឿងបរិភោគ របស់របរប្រើប្រាស់ស្តុកទុកជាច្រើនទ្រៀមទុកសំរាប់ពេលដែលខ្លួនមិនអាចចេញទៅខាងក្រៅបាន។
ខណៈពេលដែលរដ្ឋាភិបាលបាន ប្រកាសឱ្យបិតរោងកុន ខារ៉ាអូខេ ការប្រគំតន្ត្រីផ្សេងៗជាបន្តបន្ទាប់ ធ្វើឱ្យប្រជាជនមានការភ្ញាក់ផ្អើល និងមានការព្រួយបារម្មណ៍ថានិងអាចមានការបិទនូវទីផ្សារថែមទៀតផងនោះ។ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៥ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសហើយថា គ្មានការបិតផ្សារ ភោជនីយដ្ឋាន រឺ រោងចក្រនោះទេ ពោលគឺ នៅតែបន្តដំណើរការធម្មតាប៉ុន្តែត្រូវយកចិត្តទុកដាក់ជាអាទិភាពចម្បង លើបញ្ហាសុខភាព ដូចជាការស្ទង់កំដៅមុនពេលចូលធ្វើការជាដើម។