(ភ្នំពេញ) ចេញផ្សាយថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចង្អុលបង្ហាញអំពីដំណាក់កាលជាបន្ដបន្ទាប់ចំនួន៥ និងលើកឡើងពីការធ្លុះធ្លាយនៃការឆ្លងជំងឺកូវីដ-១៩ ចូលមកកម្ពុជា ខណៈកម្ពុជាបាត់បង់នូវការប្រុងប្រយ័ត្ន និងមិនបានធ្វើការត្រួតពិនិត្យឱ្យបាន ច្បាស់លាស់នោះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងដំណាក់កាលទី១ នៃការចាប់ផ្ដើមធ្លុះធ្លាយការឆ្លងជំងឺកូវីដ-១៩ ដំបូងគឺមកពីជនជាតិជប៉ុនម្នាក់ដែលចេញមកពីប្រទេសជប៉ុន មកវៀតណាម ចេញពីវៀតណាម មកកាន់ខេត្ដសៀមរាប ចេញពីសៀមរាបទៅហ្វីលីពីន ចេញពីហ្វីលីពីនទៅថៃ ចេញពីថៃមកសៀមរាបវិញ ហើយចេញពីសៀមរាប ទៅវៀតណាម។ សម្ដេចតេជោបានថ្លែងថា ក្នុងដំណាក់កាលទី២ គឺការធ្លុះធ្លាយដែលកម្ពុជាបាត់ការប្រុងប្រយ័ត្នពីបញ្ហាបណ្ដាលមកពីនាវាទេសចរណ៍ដែលចេញមកពីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកដល់រាជធានីភ្នំពេញ និងបានចេញដំណើរដល់ខេត្ដកំពង់ចាម។ សម្ដេចតេជោតេជោបានគូសបញ្ជាក់ថា “នេះគឺជាការធ្លុះធ្លាយដ៏ធំ ដែលកាលពីមុននេះ ខាងភាគីវៀតណាមហាក់ដូចជាសង្ស័យថា ជំងឺកូវីដ-១៩ នេះចេញមកពីកម្ពុជា។ ប៉ុន្ដែផ្ទុយទៅវិញជំងឺនេះ ចេញមកពីវៀតណាម ហើយជំងឺនេះ បើតាមដឹងជនជាតិអង់គ្លេសពីរនាក់គឺបានធ្វើដំណើរដល់ទីក្រុងហាណូយ និងជិះយន្ដហោះមកពីហាណូយ ទៅហូជីមិញ បន្ទាប់មកចុះជិះតាមនាវា ចូលមកកម្ពុជា”។ ឥឡូវនេះ ក្រៅពីបីនាក់ដែលបានឆ្លងជំងឺកូវីដ-១៩ និងម្នាក់បានជាសះស្បើយរួចហើយ នៅសល់ជនជាតិអង់គ្លេស ជនជាតិអាម៉េរិក២នាក់។
សម្ដេចតេជោបានបន្ដថា ការធ្លុះធ្លាយទី៣ ជនជាតិបារាំងដែលធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី ត្រូវបានរកឃើញប្ដី និងកូនអាយុ៤ខែ មានវីរុសកូវីដ-១៩ និងបន្ដឆ្លងដល់ម្ដាយទៀត។ បន្ទាប់មកជនជាតិកាណាដា ជានាយកសាលាអន្ដរជាតិកាណាដា និងជនជាតិបែលហ្ស៊ិកម្នាក់បានឆ្លងជំងឺកូវីដ-១៩នេះ។ ចំពោះការធ្លុះធ្លាយទី៤ បងប្អូនខ្មែរឥស្លាមដែលចេញទៅធ្វើពិធីសាសនានៅប្រទេសម៉ាឡេស៊ី ពេលត្រឡប់ចូលមកកម្ពុជាវិញបានឆ្លង២៣នាក់ ក្នុងចំណោម៧៩នាក់ ក្នុងនោះក៏បានឆ្លងដល់ប្រពន្ធ១ករណីនៅខេត្ដបាត់ដំបង និងបានឆ្លងទៅដល់វិហារឥស្លាមមួយចំនួនទៀត។ ជាមួយគ្នានេះ ការធ្លុះធ្លាយទី៥ បណ្ដាលមកពីជនជាតិបារាំងឆ្លងកូវីដ-១៩ ចំនួន៣៤នាក់ នៅខេត្ដព្រះសីហនុ ដែលជាការធ្លុះធ្លាយដ៏ធំ និងដាក់ជាកង្វល់ដល់កម្ពុជា។
សម្ដេចតេជោបានថ្លែងបន្ដថា សម្រាប់កង្វល់ដែលបានដាក់បន្ថែមដល់កម្ពុជា គឺពលរដ្ឋខ្មែរចេញមកពីប្រទេសថៃ ត្រឡប់ចូលមកកម្ពុជាប្រមាណ១៥,០០០នាក់ បញ្ហានេះ គឺជាសភាពការណ៍ថ្មី សម្រាប់ប្រទេសរបស់យើង ដែលចាំបាច់នៅពេលនេះ ត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ ឱ្យចុះមូលដ្ឋានធ្វើសកម្មភាព ដោយប្រែក្លាយការភ័យក្លាចរបស់យើង ប្រែក្លាយការសង្ស័យគ្នាទៅវិញទៅមក ឱ្យទៅជាចលនាការពារខ្លួនទៅវិញ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា “បើអ្នកឯងខ្លាច កុំដើរចេញក្រៅ បើអ្នកឯងសង្ស័យកុំចាប់ដៃខ្ញុំ”។ សម្ដេចតេជោបានឱ្យដឹងដែរថា ក្នុងដំណាក់កាលការពារការឆ្លងពីខាងក្រៅ វាបានផុតហើយ ប៉ុន្ដែមិនមែនបានសេចក្ដីថា យើងឈប់ការពារនោះទេ។
សម្ដេចតេជោបានបន្ថែមថា ឥឡូវនេះ យើងកំពុងឈរជើងនៅក្នុងដំណាក់កាលទី២ហើយ ដែលដំណាក់កាលនេះ មានការងារ៣ គឺដំណាក់កាលការពារពីខាងក្រៅផង ដំណាក់កាលការពារកុំឱ្យឆ្លងពីអ្នកដែលមានជំងឺឆ្លងទៅអ្នកផ្សេង និងដំណាក់កាលព្យាបាលមនុស្សដែលឈឺឱ្យជាសះស្បើយ។ សម្ដេចតេជោបានអះអាងថា តាមពិតអ្នកជំងឺកូវីដ-១៩នៅកម្ពុជាទាំងអស់ អត់មានអ្នកជំងឺដែលឆ្លងនៅនឹងកន្លែងនោះទេ គឺជាជំងឺនាំចូលទាំងអស់ កើតលើពលរដ្ឋកម្ពុជាក៏ពលរដ្ឋកម្ពុជាទៅចម្លងពីខាងក្រៅយកមកចូលកម្ពុជាដែរ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា «អត់មានកម្ពុជាទៅចម្លងឱ្យទៅនរណានោះទេ ក្នុងនោះក៏មានសារព័ត៌មានរបស់ប្រទេសខ្លះបានចុះផ្សាយ និងចាត់ទុកថា កម្ពុជាគឺជាច្រកចេញ-ចូលនៃជំងឺឆ្លង ប្រសិនបើធ្លាយគឺគេប្រៀបដូចជាជំនន់នៃទន្លេមេគង្គ ដែលជាភាសាមិនគប្បី ហើយកម្ពុជាទទួលយកមិនបាន»។