(ព្រះវិហារ)៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ទទួលបន្ទុកបេសកម្មពិសេស លើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ បានចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើល ទីតាំងអគារស្នាក់នៅ ចំនួន៤កន្លែង ដែលរដ្ឋបាលខេត្តសម្រេចកំណត់យកជាទីតាំងសម្រាប់ត្រៀមបំរុងទុកដាក់ឲ្យនៅដោយឡែកចំពោះអ្នកផ្ទុក ឬអ្នកសង្ស័យឆ្លងជំងឺកូវី១៩ (covit 19)។
ដោយឡែកចំពោះទីតាំងដែលប្រតិភូអញ្ជើញចុះពិនិត្យទាំង៤ទីតាំង រួមមាន: ទី១. សណ្ឋាគារហ្រ្គីនផាលែស ស្ថិតក្នុងក្រុងព្រះវិហារ, ទី.២ ផ្ទះសំណាក់ គ្រូបង្រៀន ស្ថិតក្នុងក្រុងព្រះវិហារ, ទី៣. មណ្ឌលសុវត្ថិភាព តាកឹង ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន, ទី៤. សណ្ឋាគារ ព្រះវិហារជ័យ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ
ទន្ទឹមនឹងការចុះពិនិត្យទីតាំងស្នាក់នៅត្រៀមបម្រុងទុកខាងលើ ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៥លានរៀល ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តព្រះវិហារផងដែរ។
ជាមួយគ្នានេះទៀត ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា និងប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់រង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលនឹងបង្ហាញរូបរៀងយ៉ាងស្រស់ស្អាតក្នុងអំឡុងពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។