ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
លោក ម៉េត មាសភក្តី ជាអ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ បានច្រានចោលរាល់សារសំលេងនានា ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គម និងបានប្រឌិតថា អាជ្ញាធរនឹងបិទទីក្រុងភ្នំពេញទាំងស្រុង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ « ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលនៃរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម ប្រព័ន្ធសារអេឡេចត្រូនិច និងក្រុម Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទទីក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ »
លោក ម៉េត មាសភក្តី បានបន្តថា ការប្រឌិតព័ត៌មាននេះ ក៏ជាចេតនាធ្វើឱ្យមានការសម្រុកទិញទំនិញមកស្តុកបម្រុងទុក ដែលនាំឱ្យ ជនឆ្លៀតឱកាសឡើងតម្លៃថ្លៃផងដែរ។
លោកបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។