ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមនៅថ្ងៃចន្ទ ទី៣០ ខែមីនា ២០២០នេះ បានស្នើឲ្យទីក្រុងធំៗទាំងអស់របស់វៀតណាមត្រូវរៀបចំ និងត្រៀមខ្លួនទុកជាមុនក្នុងករណីប្រសិនបើមានការប្រកាសបិទទីក្រុង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 ខណៈករណីឆ្លងនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងជិតដល់ ២០០ ករណី។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០២០។
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា ទីក្រុងហាណូយ និង ទីក្រុងហូជីមិញត្រូវតែពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ហើយត្រូវត្រៀមខ្លួនឲ្យបានរួចស្រេចប្រសិនបើមានសេណារីយ៉ូនៃការចាក់សោរបិទទីក្រុង។លោកនាយករដ្ឋមន្ត្រីបានបន្តថា ប្រទេសវៀតណាមបានឈានដល់ដំណាក់កាលឆ្លងខ្ពស់នៃជំងឺរាតត្បាតនេះហើយ ដូច្នេះទីក្រុងសំខាន់ៗត្រូវពន្លឿន និងអនុវត្តវិធានការណ៍ដែលបានកំណត់ ខណៈគ្រប់ម៉ោងនិងនាទីទាំងអស់សុទ្ធតែមានប្រយោជន៍ទាំងអស់។
សូមបញ្ជាក់ថា ប្រទេសវៀតណាមបានបិទជើងហោះហើរពីក្រៅប្រទេស កាត់បន្ថយជើងហោះហើរក្នុងស្រុក បញ្ឈប់ការប្រមូលផ្តុំមនុស្ស និងបិទសេវាកម្មណាដែលមិនចាំបាច់ទាំងអស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 រហូតដល់កាលកំណត់ថ្ងៃទី ១៥ ខែមេសា ខាងមុខ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters