ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
ការប្រកួតប្រដាល់គុនខ្មែរ នៅក្នុងកម្មវិធី (អ្នកតស៊ូគុនខ្មែរគោជល់) នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃសៅរ៍ ទី៤មេសា សប្ដាហ៍នេះ និងប្រមូលផ្ដុំទៅដោយអ្នកប្រដាល់ជើងខ្លាំងប្រចាំនៅកម្ពុជាជាច្រើនគូរផងដែរ ដោយរំពឹងថា នឹងធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលនេះនឹងកក្រើកសង្វៀនប្រដាល់ជាក់ជាមិនខានឡើយ បើទោះជាមិនមានកីឡាករបរទេសចូលរួមក៏ដោយចុះ។
កីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ត្រូវគេផ្គូផ្គងឱ្យប៉ះប្រកួតជាមួយកីឡាករ ឡុង សំណាង មកពីក្លិសាលវ័ន្តកីឡាក្នុងនាមជាគូឯកប្រចាំសប្ដាហ៍។តាមពិតទៅកីឡាករទាំងពីរមិនធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ ដោយសារតែម្នាក់ៗជាប់ប្រកួតជាមួយកីឡាករបរទេសរៀងៗខ្លួន ។ ប៉ុន្តែលើកនេះដោយសារតែជំងឺឆ្លងកូវីដ-19ធ្វើឱ្យកីឡាករបរទេសមិនអាចមកប្រកួតនៅស្រុកខ្មែរយើងបានទើបគណៈកម្មការរៀបចំការប្រកួតបានធ្វើការសម្រេចចិត្តផ្គូផ្គងឱ្យពួកគេទាំងពីរប្រកួតគ្នាដើម្បីចង់ដឹងថាអ្នកណាមានក្បាច់គុននិងសម្ថភាពល្អជាងអ្នកណា។
បច្ចុប្បន្ន មឿន សុខហ៊ុច ជាកីឡាករលំដាប់ជួរមុខគេនៅស្រុកខ្មែរយើងអត់ទាន់មានកីឡាករណាអាចប្រៀប
ផ្ទឹមជាមួយនឹងគាត់បានឡើយ ។ ទោះបីជាកម្លាំងរបស់គាត់រាងអន់បន្តិចមែន តែក្បាច់ប្រយុទ្ធរបស់គាត់
គឺល្អខ្លាំងណាស់ ជាពិសេសស្នៀតកណ្ដាប់ដៃនិងស្នៀតជើងតែម្ដងដែលធ្វើឱ្យគូប្រកួតញាក់
សាច់គ្រប់គ្នា ។ ប៉ុន្តែបើនិយាយពីផ្លែកែងនិងជង្គង់ជាមួយឡុង សំណាងវិញនោះមិនអាចទៅរួចឡើយ ។ ឡុង សំណាង មានចលនាវាយចេញរហ័ស ផ្លែកែងដ៏មុតស្រួចរបស់គេអាចវាយចំគោលដៅបានល្អខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះអ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡារូបនេះចិត្ត
របស់គេក៏សឿងណាស់ដែរ ។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះនឹងធ្វើឱ្យអ្នកចូលទស្សនាផ្ទាល់ក៏ដូចជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍តាមដានការប្រកួតសប្បាយភ្នែកមិនខាន។
ដោយឡែកសម្រាប់គូប្រកួតមិត្តភាពផ្សេងទៀតវិញមាន កីឡាករ សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក ប្រកួតជាមួយកីឡាករស៊ម រ៉ាគីម មកពីក្លិបរាហូកីឡា ខេត្តបាត់ដំបង ។កីឡាករ គឹមវាសនា មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយកីឡាករ ឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងគូប្រកួតបើកឆាកកីឡាករ ម៉ៅ ភារក្ស មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ប្រកួតជាមួយកីឡាករ ប៊ន ពន្លឹក មកពីក្លិបនាគរាជគុនខ្មែរ ។