ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃទី ១៤ មីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានផ្តល់សារដាស់តឿន ឱ្យប្រជាពលរដ្ឋបារាំងប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពពួក L’ibuprofène ថ្នាំប្រឆាំងនឹងការរោលរលាក ក្នុងបរិបទនៃការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី។ ថ្នាំប្រភេទនេះ ជាប់ចោទតាំងពីយូរមកហើយ ថាជាហានិភ័យបង្កឱ្យមានផលវិបាកខ្លាំង ធ្វើឱ្យជំងឺបង្ករោគធ្លាក់ធ្ងន់ធ្ងរ។ ផលប៉ះពាល់របស់ពពួកថ្នាំនេះ មិនមែនទើបដឹង ឬពាក់ព័ន្ធ តែនឹងវិបត្តិកូរ៉ូណាវីរុសថ្មីនេះទេ។
ពពូកថ្នាំ l’ibuprofène ដែលសាធារណជនទូទៅ ស្គាល់ និងប្រើច្រើន ព្រមទាំងអាចរកទិញបានដោយគ្មានវេជ្ជបញ្ជា ជាប់ចោទថាជាថ្នាំដែលអាចបង្កឱ្យមានការបង្ករោគធ្ងន់ធ្ងរ។ ភ្នាក់ងារឱសថបារាំង បានទាញសញ្ញាអាសន្នតាំងពីឆ្នាំ ២០១៩ អំពីគ្រោះហានិភ័យនៃពពួកថ្នាំ ក្នុងចង្កោមគ្រួសារ ថ្នាំប្រឆាំងនឹងការរលាក។ ក្នុងរយៈពេលអង្កេតសិក្សា ១៨ឆ្នាំ ពី ឆ្នាំ ២០០០ដល់ឆ្នាំ ២០១៨ ភ្នាក់ងារសម្គាល់ឃើញមានអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរចំនួន ៣៣៧ករណី ក្នុងនោះ ៣២នាក់បានស្លាប់ ដោយសារបានប្រើថ្នាំពពួកibuprofène អ៊ីបុយប្រូហ្វែននេះ និង៤៦ករណី ក្នុង១០ករណីបានស្លាប់ដោយសារប្រើថ្នាំ kétoprofène ប្រភេទថ្នាំប្រឆាំងនឹងការរលាកមួយក្រុមទៀត ក្នុងចង្កោមគ្រួសារតែមួយ។
ការអង្កេតរបស់ភ្នាក់ងារបារាំង ហាក់បង្ហាញឱ្យឃើញអំពីតួនាទីរបស់ថ្នាំអ៊ីប៊ុយប្រូហ្វិន ថាជាអ្នកធ្វើឱ្យជំងឺ “បង្ករោគ” ធ្លាក់ធ្ងន់ធ្ងរខ្លាំងពិសេស បើជំងឺនោះបង្កឡើងដោយមេរោគ streptocoque។ ភ្នាក់ងារបារាំង បានជូនដំណឹងទៅសមភាគីអឺរ៉ុបភ្លាមអំពីបញ្ហានេះ។
សូមបញ្ជាក់ថា ការសិក្សារបស់ភ្នាក់ងារឱសថបារាំង ផ្តោតការតាមដានជាពិសេសទៅលើអ្នកជំងឺ ជាកុមារ និងមនុស្សពេញវ័យ តែនៅក្មេង ដែលធ្លាក់ខ្លួនឈឺធ្ងន់ តែគ្មានប្រវត្តិជំងឺពីមុន គ្មានកត្តាហានិភ័យអ្វីគួរឱ្យកត់សម្គាល់ ដួចយ៉ាងខ្យោយប្រព័ន្ធការពារក៏គ្មាន។ ជំងឺរបស់ពួកគេស្រាប់តែធ្លាក់ធ្ងន់ធ្ងរខ្លាំង ដែលជំរុញឱ្យស្លាប់ ឱ្យដឹកទៅចូលដេកពេទ្យ និងផលវិបាកជាប់ខ្លួននៅពេលជាទៅវិញ បើតាមការអង្កេត គឺទំនងបណ្តាលមកពីមានប្រើថ្នាំពពួក អ៊ីប៊ុយប្រូហ្វេន។
ការបង្ករោគដែលមានកើតញឹកញាប់ជាងគេ គឹជំងឺបង្ករោគនៅលើស្បែក នៅលើជាលិកាទន់ៗ ពីសំណាក់ពួកមេរោគប្រភេទ ស្ត្រិបតូកុក streptocoque ដែលគេដាក់ឈ្មោះក្រៅថាពួកបាក់តេស៊ីសាច់ ព្រោះវាអាចធ្វើឱ្យអ្នកជំងឺស្លាប់ ឬបាត់បង់សរីរាង្គណាមួយ ដូចយ៉ាងអវៈយវៈជាដើម។ ពពួកថ្នាំអ៊ីប៊ុយប្រូហ្វិន ក៏អាចជំរុញឱ្យជំងឺរលាកសួត បូសនៅខួរក្បាល ឬជំងឺនៅច្រមុះត្រចៀកបំពង់ក ដែលធ្ងន់ស្រាប់ឱ្យធ្ងន់ធ្ងរកាន់តែខ្លាំង។
ជំងឺបង្ករោគដែលបណ្តាលមកពីបាក់តេរី ពីរប្រភេទ គឺ streptocoqueឬ pneumocoque ឆាប់ធ្លាក់ធ្ងន់ធ្ងរខ្លាំង តែពីរឬបីថ្ងៃក្រោយពី បានទទួលទានថ្នាំពពួកអ៊ីប៊ុយប្រូហ្វិន។ ទោះបីគេប្រើ បូកជាមួយថ្នាំផ្សះក៏ដោយ ក៏អ៊ីប៊ុយប្រូហ្វេន អាចបិទបាំងមិនឱ្យគេបានឃើញអំពីស្ថានភាពបង្ករោគរបស់មីក្រុបបានដែរ។ នេះបើតាមការស្រាវជ្រាវរបស់ភ្នាក់ងារបារាំងដដែល។ ហេតុដូច្នេះ ហើយបានជាអ្នកជំនាញសុខភាពជាច្រើន បានទទូចសុំឱ្យអាជ្ញាធរចាត់ពពួកថ្នាំនេះ ជាប្រភេទថ្នាំដែលអាចលក់ទិញបាន នៅពេលតែមានវេជ្ជបញ្ជា។ តែនៅទីបំផុត ដោយផ្អែកលើលទ្ធផលអង្កេតនេះ នៅថ្ងៃទី ១៥មករា ២០២០ អាជ្ញាធរសុខាភិបាលបារាំង បានផ្តល់សេចក្តីសម្រេចត្រឹមហាមមិនឱ្យឱសថស្ថានបារាំង ដាក់លក់ថ្នាំពពួកប្រឆាំងនឹងការរលាកibuprofène ដូចជា Nurofenឬ Advil ដែលគេស្គាល់ខ្លាំងជាងគេ តាំងនៅលើរានក្បែរដៃអ្នកទិញទេ។ ពពួកថ្នាំប្រភេទនេះ ព្រមទាំងថ្នាំប៉ារ៉ាសេតាម៉ុល ឬដូលីប្រាន ត្រូវដាក់តាំងនៅពីក្រោយខ្នង អ្នកលក់ទាំងអស់។ គេនៅតែអាចរកទិញថ្នាំនេះបានដោយគ្មានវេជ្ជបញ្ជាដដែល គ្រាន់តែអ្នកទិញមិនរើសយកស្រេចតែចិត្តរួចទៅគិតលុយដូចមុន។ បើចង់ទិញត្រូវប្រាប់ទៅឱសថការី ទើបឱសថការីហុចឱ្យនិងប្រាប់ពីរបៀបប្រើប្រាស់ជាថ្មី។
ជាមួយបម្រាមនេះ ភ្នាក់ងារបានបន្ថែមការណែនាំឱ្យអ្នកប្រើប្រាស់ថ្នាំទាំងអស់ ឱ្យជ្រើសរើសព្យាបាលខ្លួន ដោយប្រើត្រឹមតែថ្នាំប៉ារ៉ាសេតាម៉ុល បានហើយ បើមានករណីក្តៅខ្លួន ឈឺដរ អបដោយអាការៈឈឺក ឬក្អក។ ហើយថ្នាំប៉ារ៉ាសេតាម៉ុលនេះផ្ទាល់ ក៏ត្រូវលេបដោយគោរពក្បួនខ្នាតប្រើប្រាស់។ ថ្នាំជាអាវុធមុខពីរ ការប្រើជ្រុលហួសហេតុអាចនឹងបង្កគ្រោះថ្នាក់ដល់ថ្លើម៕
ប្រភពពី rFi