ភ្នំពេញ៖ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន និងមន្ត្រីរាជការ ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកា និងប្រាក់បៀវត្សរ៍របស់ខ្លួនដើម្បី ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ Covid-19 ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
នៅលើគណនីយ្យហ្វេសបុកផេក(Facebook Page Account)ផ្លូវការសម្ដេចតេជោ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២០ បានសរសេរថា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ បើយោងតាមការបញ្ជាក់របស់សម្តេចតេជោ កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផង និងបូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយើងផង។ សម្តេចតេជោបានបញ្ជាក់ថា “យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាទិញម៉ាស់ និងសម្ភារ បរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំងខិតខំធ្វើការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ។ មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារឱ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំឱ្យពួកគាត់ខ្វះស្បៀងអាហារឱ្យសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេល។” សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោក៏សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕