ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។
(ព្រៃវែង)៖ ព្រោះតែកូវីដ១៩ Covid-19 ធ្វើអោយពិភពលោកមានការជ្រួលច្របល រួមទាំងមានការប៉ះពាល់ដល់ប្រទេសកម្ពុជារបស់យើងផងដែរ ដោយសារមូលហេតុនេះហើយ ទើបមានមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តដែលមាន ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្រាប់ដាក់គោលដៅ ដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំង Covid 19 សម្រាប់ត្រៀម ទទួលបងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលគាត់ទៅប្រទេសថៃ និងបានវិលត្រឡប់មកខេត្តព្រៃវែងវិញ តាមខេត្តបាតដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានសម្រេចបែងចែកចេញជា ៣ ក្រុម ដែលក្នុងមួយក្រុមៗ មានគ្នា ៨ នាក់ ដោយបែងចែកទៅតាមគោលដៅនៃខេត្តនីមួយៗរៀងៗខ្លួន ដើម្បីចាំទទួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាត់ទៅប្រទេសថៃ ហើយវិលត្រឡប់មកខេត្តព្រៃវែង។
នៅក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានឲ្យក្រុមការងារសម្រាប់គោលដៅ ដែលប្រចាំការទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃមកខេត្តព្រៃវែង នោះត្រូវមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ១.ត្រូវធ្វើទំនាក់ទំនង និងចូលរួមជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅដ្ឋានក្នុងខេត្តព្រៃវែង ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់។
២. ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់ រួមទាំងជួយឧបត្ថម្ភនូវម្ហូបអាហារ ទឹក សម្ភារៈ និងថ្នាំពេទ្យ។
៣.ក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
៤. ត្រូវរាយការណ៍ជាប្រចាំអំពីដំណើរការនៃការទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងមហាផ្ទៃ និងអនុវត្តកិច្ចការដទៃទៀត តាមការចាំបាច់។