ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងធ្វើការបើក តំបន់រមណីយដ្ឋានចំនួន៤កន្លែង ដែលស្ថិតនៅក្នុងស្រុកទឹកផុស ឲ្យកំណើរការទទួលភ្ញៀវទេសចរឡើងវីញ បន្ទាប់ពីបានបិទកាលពីថ្ងៃទី១៩មេសាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាកម្ពុជាអោយដឹងថា ដោយសារ បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩ មានការថមថយទៅវិញ ដោយមិនមានការឆ្លងបន្ថែម និងមានអ្នកជាសះស្បើយជាបន្តបន្ទាប់ ដូច្នេះ មន្ទីរនឹងដាក់អោយដំណើរការឡើងវិញ នូវរមណីយដ្ឋានក្នុងស្រុកទឹកផុសទាំង៤ ដើម្បីអោយប្រជាសហគមន៍ទទួលបានចំណូលឡើងវិញ ។
លោកបន្តថា បើទោះបីរមណីយដ្ឋានទាំង៤នេះ បើកដំណើរការ ក៍ពិតមែន ប៉ុន្តែមន្ទីរទេសចរណ៍នៅតែប្រកាន់ភ្ជាប់ ពីការចុះផ្សព្វផ្សាយ ណែនាំ នៅវិធាការ ការពារខ្លួនរបស់ក្រសួង សុខាភិបាល ដល់ប្រជាសហគមន៍ ក៍ដូចជាភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅក្នុងខេត្ត ឲ្យរក្សាអនាម័យដើម្បីការពារខ្លួនពីវីរុសកូវីដ១៩។
ជាគោលដៅរបស់មន្ទីរទេសចរណ៍យើង នៅថ្ងៃសុក្រចុងសប្ដាហ៍នេះគឺថ្ងៃទី២៤ យើងនឹងចុះ នៅគ្រប់រមណីដ្ឋានទាំងអស់និង ដើម្បីណែនាំអោយគាត់បើកឡើងវិញ ទទួលទេសចរណ៍អោយកម្សាន្តក្រោយ មានការស្រាកស្រាននៃជំងឺកូវិដនេះ ប៉ុន្តែតំរូវអោយគាត់មានការប្រុងប្រយ័ត្នខ្ពស់ ដោយឈរលើគោលការណ៍អានាម័យរបស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ ហើយមន្ទីរនឹងធ្វើការណែនាំបន្ត ដល់គណៈកម្មការសហគមន៍ អោយបើកទទួលភ្ញៀវឡើងវិញ ប៉ុន្តែអោយគាត់មានអនាម័យ មានការលាងដៃ និងរៀបចំអាកុលនៅតាមសហគម៍ អោយភ្ញៀវទេសចរណ៍ ។
លោកប្រធានបន្ថែមថា បន្ទាប់ពីមានការធ្លាក់ចុះទាំងភ្ញៀវទេសចរជាតិ និង អន្តជាតិ ខណៈដែលមានការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក៏ដូចជាសកល លោក សង្ឃឹមថា នៅពេលដែលជំងឺនេះថមថយទៅវិញ ភ្ញៀវទេសចរនឹងមានការកើនឡើងមកវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៩ មេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្ដីជូនដឹង ដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ស្ដីពីការផ្អាក់ដំណើរការជាបណ្ដោះអាសន្ន នូវរមណីយដ្ឋានក្នុងស្រុកទឹកផុសចំនួន ៤ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ មានដូចជា រមណីយដ្ឋានទឹកធ្លាក់ស្រែអំបិល រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ និង សួនផ្កាដីថ្មីក្រាំងស្គារត្បូង ៕