ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
ក្នុងគោលដៅឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួន ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ តើព្រះរាជាណាចក្រកម្ពុជាបានត្រៀមអ្វីខ្លះ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ? ហើយតើអ្នកណាខ្លះ ស្ថាប័នណាខ្លះ ដែលជាបង្អែកដ៏រឹងមាំ ក្នុងដំណើរបាញ់ឆ្ពោះទៅរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់មួយនេះ?
ការទទួលបានជោគជ័យក្នងការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ គឺត្រូវមានផែនការមេច្បាស់លាស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ។ បើតាមមន្រ្ដីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣បានឱ្យដឹងថា «ផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣» (២០១៦-២០២៣) គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់បំផុត ក្នុងការគូសវាសតួនាទី ភារកិច្ច ចក្ខុវិស័យ គោលបំណងគ្រប់ទម្រង់ទាំងអស់ ក្នុងដំណើរទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ដោយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ ផែនការមេនេះបង្ហាញឱ្យឃើញនូវសមាសភាពនៃរចនាសម្ព័ន្ធដ៏ជាក់លាក់មួយ គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដោយដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ព្រមទាំងឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាច្រើនរូបទៀតទទួលបន្ទុកអនុប្រធាន CAMSOC។ កាលពីថ្មីៗនេះ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្តទាំង ២៥ គឺជាអនុប្រធានដែរ ហើយ CAMSOC មានគណៈកម្មការជំនាញចំនួន១៤។
នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស និងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ សម្តេចពិជ័យសេនា ទៀ បាញ់ CAMSOC តែងតែបានជំរុញលើផែនការនានា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។ ក្នុងនោះមានផែនការសំខាន់ៗ៥ចំណុច មានដូចជា៖ ទី១- ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទី២- រៀបចំផ្លាស់ប្ដូរឥរិយាបថប្រជាជនក្នុងមូលដ្ឋានលើភាពស្អាត និងបៃតង និងកាត់បន្ថយភាពអសកម្មក្នុងសង្គម។ ទី៣-រៀបចំអប់រំប្រជាជនឱ្យស្គាល់តម្លៃនៃការធ្វើសកម្មភាពអប់រំ និងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ទី៤- រៀបចំរូបសំណាក ឬផ្ទាំងផ្សព្វផ្សាយរៀបចំព្រឹត្តិការណ៍កីឡាមហាជន កម្មវិធីកីឡា កម្មវិធីសិល្បៈ វប្បធម៌ អំឡុងពេលស៊ីហ្គេម ឆ្នាំ២០២៣ និងទី៥-សហការ និងជួយរៀបចំសកម្មភាពរបស់គណៈកម្មាធិការជាតិ SEA Games នៅរាជធានី-ខេត្ត ដែលផែនការនេះត្រូវបានដាក់ចេញ សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិមានរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមអនុវត្តន៍ ហើយណែនាំឱ្យប្រជាពលរដ្ឋស្គាល់នូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្សព្វផ្សាយនៅគ្រប់ទីកន្លែងតាមរាជធានី-ខេត្ត មន្ទីរ ស្រុក ឃុំ និងភូមិជាដើម។
ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ CAMSOC បានមានប្រសាសន៍ថា «ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣» នេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺមានកាតព្វកិច្ចចូលរួមស៊ីហ្គេមទាំងអស់គ្នា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ នៅក្រៅស៊ីហ្គេមនេះឡើយ ទោះតិចក្តី ច្រើនក្តី ឬក្នុងកម្រិតណាក្តី ក៏ត្រូវតែចូលរួមដែរ។ ទាក់ទឹងទៅនឹង ការពង្រឹងគុណភាពរបស់សហព័ន្ធកីឡាជាតិនានា ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន លើកឡើងនូវការកោតសរសើរចំពោះសហព័ន្ធកីឡាជាតិនានា ដែលកន្លងមកបានខិតខំយ៉ាងខ្លាំង បើទោះបីជាមានការលំបាកខ្លះ មានការខ្វះខាតខ្លះ ប៉ុន្តែសហព័ន្ធកីឡាជាតិនៅតែបានខិតខំប្រឹងប្រែងអនុវត្តន៍តាមការតម្រង់ទិសចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងCAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានកំពុងច្បាមយកនូវគោលដៅដ៏ច្បាស់លាស់ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ ពេលវេលា ដែលនៅសល់ប្រមាណ៣ឆ្នាំប៉ុណ្ណោះ ដែលឯកឧត្តមបណ្ឌិត ថោង ខុន អះអាងថា ការងារយើងនៅច្រើនណាស់ សំខាន់ការងារទាក់ទងនឹងបច្ចេកទេសដែលជាបញ្ហាធំ ទាក់ទងនឹងធនធានមនុស្ស ការបណ្តុះបណ្តាល ការគ្រប់គ្រងព្រឹត្តិការណ៍ ពិធីបើក ពីធីបិទ ការហូបចុក ស្នាក់នៅ មិនមែនជាបញ្ហាលំបាកពេកទេ ខណៈភូមិកីឡាកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ ក្នុងរយៈពេល០៣ឆ្នាំគឺរួចរាល់ហើយ។ ចំពោះបញ្ហាដែលធំជាងគេ សហព័ន្ធកីឡាជាតិគឺជាស្នូលមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍តាមប្រភេទកីឡាជំនាញនីមួយៗ ដោយសហព័ន្ធជាតិត្រូវពង្រឹងខ្លួន ឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ “សហព័ន្ធកីឡាជាតិយើងខិតខំណាស់ ប៉ុន្តែបើពិនិត្យលើលទ្ធភាព គឺយើងនៅថ្មី ជាពិសេសគឺសហព័ន្ធច្រើនណាស់ ដែលមិនមានប្រភពធនធានថវិកាខ្លួនឯង ដោយថវិកាមួយភាគធំ គឺបានពីរដ្ឋ ហើយប្រសិនបើសហព័ន្ធកីឡាជាតិមានថវិកាដោយខ្លួនឯង គឺមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ពីព្រោះសហព័ន្ធអាចគ្រប់គ្រងខ្លួនឯង ម្ចាស់ការខ្លួនឯង រៀបចំផែនការខ្លួនឯង ដោយគ្រាន់តែទទួលគោលនយោបាយពីក្រសួងអប់រំ យុវជន និងកីឡា និងការជួយតម្រង់ទិសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាការស្រេច។ ដូច្នេះហើយខ្ញុំស្នើសុំឱ្យរួមគ្នាជួយ ដើម្បីគោលដៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។” នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។
នៅក្នុងគោលដៅដ៏ចម្បងនេះ គេមើលឃើញនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការប្រកួត និងការបណ្តុះបណ្តាលធនធានមនុស្សមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាលយុវជនជាបន្ទាប់ ប៉ុន្តែនៅក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩បានធ្វើឱ្យដំណើរការមួយចំនួនត្រូវបានពន្យាពេលបណ្តោះអាសន្ន ចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ក្នុងនោះការប្រមូលផ្តុំនៃក្រុមជម្រើសជាតិត្រូវបានរំសាយ និងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ដែលកំពុងធ្វើឱ្យពិភពលោក ទ្វីប រួមទាំងតំបន់អាស៊ីអាគ្នេយ៍រងផលប៉ះពាល់ដូចគ្នាផងដែរ។ ចំពោះការប្រកួតនានាត្រូវបានផ្អាកបណ្តោះអាសន្ន ខណៈការប្រកួតកីឡា (National Games) លើកទី៣ ឆ្នាំ២០២០ ត្រូវបានពន្យាពេលដែរ ដែលកីឡាជាតិ ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង កាលពីលើកទី១ ឆ្នាំ២០១៦ លើកទី២ កាលពីឆ្នាំ២០១៨។ ការប្រកួតកីឡាជាតិមានគោលដៅធំមួយ គឺដើម្បីពង្រឹងគុណភាពបច្ចេកទេស រួមទាំងទម្រង់នៃការរៀបចំនានា តម្រង់ទិសឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ សម្រាប់ដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរសាងសង់យ៉ាងសកម្មមិនផ្អាកនោះឡើយ ដោយនៅដំណាច់ខែធ្នូ ឆ្នាំ២០២០នេះនឹងសម្រេចរួចរាល់ជាស្ថាពរ។ សំណង់កីឡដ្ឋានដ្ឋានធំ ស្ថិតនៅក្នុងដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១ មានមណ្ឌលហែលទឹក និងកីឡដ្ឋានក្នុងសាល (សង្វៀនប្រដាល់ បាល់ទះ បាល់បោះជាដើម) ត្រូវបានកសាងរួចរាល់កាលពីឆ្នាំ២០១៧។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវបច្ចុប្បន្នភាពនៃវឌ្ឍនភាពហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាការប្រមូលផ្តុំក្រុមជម្រើសជាតិ ដែលត្រៀមស៊ីហ្កេម ២០២៣ ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡានេះថា ចំពោះកម្មវិធីហ្វឹកហាត់នៅតាមផ្ទះរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ពង្រឹងការហ្វឹកហាត់ឱ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ ដើម្បីឆ្ពោះទៅទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានបន្ដថា ក្រោយពីការប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនា ឆ្នាំ២០២០ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងសម្រាកសកម្មនោះកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯង តាមកម្មវិធីដែលគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានាដាក់ឱ្យ ប៉ុន្តែឯកឧត្តមបានអំពាវនាវឱ្យហ្វឹកហាត់ឲ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ។ ឯកឧត្តមបានបញ្ជាក់ជូនជាថ្មីទៀតថា នៅក្នុងសកម្មភាពកីឡា គឺមិនអាចសម្រាកអសកម្មបានទេ ដោយមូលហេតុនៃការសម្រាកអសកម្មធ្វើឱ្យប៉ះពាល់ដល់គុណផលកីឡាប៉ះពាល់ដល់សមត្ថភាពផ្លូវកាយ បច្ចេកទេសរបស់ពួកគាត់ នៅពេលដែលពួកគាត់ចូលមកហ្វឹកហាត់វិញ។ ឯកឧត្តមក៏បានរម្លឹកជាថ្មីឱ្យអត្តពលិកជម្រើសជាតិទាំងអស់ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះ ដោយការសម្រាកនេះទទួលរងផលប៉ះពាល់ច្រើនណាស់ ពោលគឺឡើងទម្ងន់ អាចនឹងមានជំងឺ ដោយសារធ្លាប់ហ្វឹកហាត់ខ្លាំង ហើយនៅពេលទំនេរនេះអាចហូបច្រើនពេក ឬហូបប្រៃពេក ផ្អែមពេក… ដែលអាចធ្វើឲ្យរងផលប៉ះពាល់ ក្នុងការថែរក្សានិរន្តរភាពនៃបន្សាំគុណភាពកម្លាំងកាយរបស់ពួកគាត់។ ដូច្នេះហើយឯកឧត្តមសូមណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី ជាពិសេសគឺគ្រូបង្វឹកលើប្រភេទកីឡាទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកម្មវិធីហ្វឹកហាត់ឲ្យបានខ្លាំងក្លា ឬយ៉ាងតិចឱ្យបាន៣ម៉ោង ក្នុង១ថ្ងៃៗ។ ឯកឧត្ដមបានបន្ថែមថា “ដោយសារកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដូច្នេះហើយយើងមិនអាចផ្តេកផ្តួល នៅក្នុងស្ថានភាពនេះទេ ដោយពេលនេះគឺយើងត្រូវតែខិតខំប្រែក្លាយនៃសម្រាកនេះទៅជាជំនឿចិត្តលើខ្លួនឯង ដោយហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពនៅតាមផ្ទះរៀងៗខ្លួន”។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានោះ ត្រូវបានឯកឧត្តម អគ្គលេខាធិការគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសង្កត់ធ្ងន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ត្រៀមស៊ីហ្គេមនោះឱ្យបានចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២០នេះ។ ចំពោះការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោកំពុងដំណើរការសាង សង់តាមធម្មតា មិនមានការផ្អាកនោះទេ ដោយមានកម្មករខ្មែរ២០០នាក់ និងកម្មករចិន២០០នាក់ដែរ ស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អមិនអនុញ្ញាតឱ្យចេញ-ចូលនោះទេ។ ឯកឧត្ដមអគ្គលេខាធិការបានអះអាងថា ពេលនេះ ការសាងសង់កីឡដ្ឋានធំសម្រេចបានប្រមាណ៨០ភាគរយ ដែលជាកន្លែងប្រារព្ធពិធីពិធីបើក-បិទនៃស៊ីហ្គេម ២០២៣ ហើយផ្នែកសំណង់រឹងគឺត្រូវបានធ្វើសម្រេចបាន១០០ភាគរយហើយ ដោយនៅសល់តែការបំពាក់ដំបូល កៅអី កញ្ចក់…និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត នៅខាងក្រោមនោះដែរ។ ជាមួយគ្នានេះ ខាងភាគីចិនបានប្តេជ្ញាថានឹងសាងសង់ឱ្យរួចរាល់ជាស្ថាពរ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅយើងនឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹងទីលានទាំងនោះ។
“សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ស៊ីហ្គេម យើងមិនព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ឱ្យប្រតិបត្តិករកីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡារបស់អត្តពលិក ហើយនៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក១១០នាក់គ្រប់ប្រភេទកីឡាទាំងអស់ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ។ ប៉ុន្តែឥឡូវនេះមានភាពប្រែប្រួលថ្មីៗ ដែលកម្ពុជាគ្រោងនឹងត្រូវបញ្ជូនអត្តពលិក១១០នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនដដែល នាខែវិច្ឆិកា ឆ្នាំ២០២០ ប្រសិនបើ ២ ឬ៣ខែឆាប់ៗនេះមានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តន៍វិធានការសុខាភិបាល១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត។”នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។ ឯកឧត្ដមបានថ្លែងបន្ដថា ប្រសិនបើមិនអាចបញ្ជូនក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ យើងនឹងលើកគម្រោងបញ្ជូននេះទៅធ្វើ នាខែមីនា ឆ្នាំ២០២១ វិញ ដើម្បីគោលដៅដណ្តើមនូវមេដាយឱ្យបានច្រើននៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីជាសញ្ញាណល្អមួយ ឬជោគជ័យមួយជំហានទៀត ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានកត់សម្គាល់ឃើញថា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយការខិតខំប្រឹងប្រែងនៅតែបន្តជាមួយនឹងគ្រប់បញ្ហាអ្វីៗទាំងអស់កំពុងដំណើរដោយរលូន បើទោះបីជានៅក្នុងឆ្នាំ២០២០នេះយើងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏ការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ខណៈការកសាងធនធានមនុស្ស កីឡាករ កីឡាការិនីជម្រើសជាតិបានរងផលប៉ះពាល់ខ្លះៗក្នុងរយៈពេលខ្លី ប៉ុន្តែយើងអាចពង្រឹងសមត្ថភាពនេះចាប់ពីឆ្នាំ២០២១បាន។ ដោយឡែកការងាររដ្ឋបាល ការរៀបចំផែនការយុទ្ធសាស្ត្រ ការពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗនៅតែបន្តធ្វើជាប្រចាំស្របតាមផែនការមេស៊ីហ្គេម ២០២៣។
សូមរម្លឹកថា នៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនចំនួន ២៧៦នាក់ ហើយបើសរុបទាំងគ្រូបង្វឹក គ្រូជំនួយ និងមន្ត្រីទាំងអស់របស់កម្ពុជា គឺមានចំនួន៤៤៧នាក់ លើ៣១ប្រភេទកីឡា។ ជាលទ្ធផល គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ នៅក្នុងចំណោម១១ប្រទេសនៃតំបន់អាសីអាគ្នេយ៍ ដោយកម្ពុជាឈ្នះបានមេដាយមាសចំនួន៤វិញ្ញាសា ដោយគុនល្បុក្កតោលើវិញ្ញាប្រពៃណីហ្វីលីពីន Arnis ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី, តេក្វាន់ដូ WT ដោយកីឡាការិនី ស៊ន សៀវម៉ី, ក្រុមប៉េតង់នារី និងកីឡាជឺជីតស៊ូ ដោយកីឡាការិនី ខាន់ ចេសា។ ក្រៅពីនេះមានមេដាយប្រាក់៦ និងសំរឹទ្ធិចំនួន៣៦ សរុបមេដាយ៤៦វិញ្ញាសា រីឯម្ចាស់ផ្ទះហ្វីលីពីនឈរនៅលេខ១ជាមួយនឹងមេដាយច្រើនលើសលប់សរុប ៣៨៧គ្រឿង, លេខ២ វៀតណាមសរុប ២៨៧គ្រឿង (មេដាយមាស ៩៨គ្រឿង) និងលេខ៣ ប្រទេសថៃ មេដាយសរុប ៣១៨គ្រឿង (មាស ៩២គ្រឿង)៕