ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងមកដល់មាតុប្រទេសវិញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានយាងទៅពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។
យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ ព្រះរាជវង្សានុវង្សជាច្រើនរូបទៀត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។