ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
មន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ គ្រោងពង្រើកតំបន់ទេសចរណ៏ថ្មីៗមួយចំនួនទៀតនៅតាមដងវិថីបុប្ផាលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា អោយដឹងថា មន្ទីរ គ្រោងរៀបចំ អភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ នៅជុំវិញវិថីបុប្ផាលាក់ខ្លួនជាច្រើនកន្លែងបន្ថែមទៀត ដើម្បីបំរើដល់ទេសចរជាតិ អន្តរជាតិ ទស្សនាកំសាន្ត ឲ្យច្រើនសំបូរបែបសំដៅធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរគ្រប់មជ្ឃដ្ឋានទទួលបានភាពសប្បាយជាមួយអ្វីៗដែលថ្មីហើយមានភាពខុសប្លែកមិនចេះជិនណាយ ក្រៅពីការទស្សនានៅតាមដងវិថីបុប្ផាលាក់ខ្លួន ។
លោក បញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាមួយការកម្សាន្តបែបធម្មជាតិ មន្ទីរក៏បានបង្កើតតំបន់រមណីដ្ឋានបែបទេសចរផ្សេងព្រេងនិង ទេសចរកម្សាន្ត។
«មានផ្លូវនេះហើយយើងក៏បានសិក្សាទីតាំងជុំវិញនិងទៀតដើម្បីទាក់ទាញភ្ញៀវកុំឲ្យការទស្សនានេះមានការធុញថប់អញ្ចឹងយើងមានសម្បទាជាច្រើននៅជុំវិញនេះគឺជាភ្នំទំព័រយើងក៏បានដំណើរការហើយដែលនៅស្រុកវាលវែងនេះដែរហើយភ្នំទំព័រនេះបានចែកចេញជាពីរផងដែរគឺទេសចរផ្សងព្រេងនិង ទេសចរកំសាន្ត ហើយអីឡូវយើងកំពុងតែសិក្សាអូនសោមបន្ថែមទៀត អូសោមនេះស្ថានភាពល្អណាស់ នៅពេលដែលផ្លូវជាតិលេខ១០ដំណើរការហើយ ខ្ញុំជឿថាភ្ញៀវទេសចរមានអារម្មណ៌ថាបែ្លកមួយទៀតជាមួយនឹងស្ពានដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា ក្រៅអំពីការទស្សនាវិថីបុប្ផាលាក់ខ្លួន អ្នកទេសចរអាចចូលទៅទស្សនាតំបន់ធម្មជាតិតំបន់ទឹកធ្លាក់ដែលមានដូចជាតំបន់ទស្សនាភ្នំ ១៥០០ តំបន់ទស្សនា ធនធានធម្មជាតិក្រពើពីរ ទស្សនា ភ្នំទំព័រ ទស្សនាតំបន់ព្រៃ ដែលជាតំបន់អភិរក្សធនធានធម្មជាតិនិងសត្វព្រៃនៃខេត្តពោធិ៍សាត់ក៏ដូចជាទស្សនានូវជីវភាពរស់នៅប្រចាំថ្ងៃនិងការបង្កើតមុខរបបរបស់ប្រជាជនតាមដងវិថីបុប្ផាលាក់ខ្លួនផងដែរ។