ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ខណៈមានអ្នកឆ្លងថ្មីចំនួន០២នាក់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ–១៩ ខណៈដែលក្នុងសប្ដាហ៍នេះមានអ្នកឆ្លងថ្មីចំនួន០២នាក់។
នៅលើផេកផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ–១៩។ កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ–១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ–១៩ ថ្មីចំនួន២នាក់មកវិញ។
សម្ដេចតេជោបន្តថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ–១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់(៣២៧,៨២១)។ ជាមួយគ្នានេះ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ប្រទេស។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងនោះត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។
សម្ដេចតេជោបានណែនាំថា កន្លែងណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕