ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះថា សៀវភៅ (សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវីដ១៩) នឹងត្រូវបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗនេះហើយ។

ឯកឧត្តម ពៅ សុខ គ្រោងបោះពុម្ពសៀវភៅ (សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវីដ១៩) ឆាប់ៗនេះ
ឯកឧត្តមបានបញ្ជាក់ថា សៀវភៅ ដែលមានកម្រាសជាង២៧០ទំព័រនេះ នឹងបង្ហាញពីភាពឆ្លាតវៃ នៃសិល្បៈ នៃការដឹកនាំ និងការគ្រប់គ្រង របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យ១០០ភាគរយ ក្នុងរលកទី១ (ដំណាក់កាលទី១)នេះ។
ឯកឧត្តម លើក ឡើងទៀតថា បញ្ហាកូវីដ១៩នេះ ប្រសិនបើមេដឹកនាំគ្មានភាពឆ្លាតវៃ និងហ្មត់ចត់ ល្អិតល្អន់ទេនោះ នោះនឹងមិនអាច ការពារប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសផុតពីគ្រោះថ្នាក់ ដែលបង្កឡើងដោយជំងឺកាចសាហាវនេះបានទេ ដូចប្រសាសន៍សម្តេចតេជោ ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកន្លងមកថា មិនថា ប្រទេសនោះមានបច្ចេកវិជ្ជាទំនើបខ្លាំងប៉ុន្មានទេ ប៉ុន្តែ កត្តាសំខាន់បំផុត គឺតើមេដឹកនាំប្រទេសនោះមានភាពវៃឆ្លាត និងពូកែចាត់ចែងប៉ុនណា?។
គួររម្លឹកថា តាមបទពិសោធន៍ ក្នុងដំណាក់កាល(រលកទី១)នេះ បណ្តាប្រទេសមហាអំណាចធំៗ ដូចជាបារាំង អាម៉េរិក័ង រុស៊្សី ចិន អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងប្រទេសដទៃទៀត ដែលសុទ្ធតែ មានបច្ចេកវិជ្ជាវេជ្ជសាស្រ្តល្អៗ គ្រូពេទ្យពូកែៗ ប៉ុន្តែ ពួកគេនៅតែមិនអាចទប់ស្កាត់ ឬការពារប្រជាជនរបស់គេឱ្យរួចផុតពីគ្រោះថ្នាក់បាន។ ពួកគេនៅតែភ័យស្លន់ស្លោ និងព្រួយបារម្ភជានិច្ច។ ផ្ទុយទៅវិញ នៅកម្ពុជា តាមទស្សនៈសម្តេចតេជោហ៊ុន សែន ជាប្រទេសតូច តែបេះដូងធំ ចិត្តទូលាយ មិនត្រឹមតែ ការពារប្រជាជនខ្លួនឱ្យរួចផុត ពីជំងឺឆ្លងកាចសាហាវនេះទេ ថែមទាំងបានជួយជនបរទេសជាង២ពាន់នាក់ នៅលើនាវាវេស្ទ័រដាម ដែលប្រទេសចំនួន៦បានបោះបង់ចោលលើមហាសាគរ ឱ្យមានក្តីសង្ឃឹមថែមទៀតផង។ មនុស្សទាំងជាង២ពាន់នាក់លើនាវានោះ ក៏មានជនជាតិអាម៉េរិកជាង៦០០នាក់ផងដែរ ដែលកាយវិការនេះ ធ្វើឱ្យសម្តេចតេជោហ៊ុន សែន ក្លាយជាវីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវីដ១៩។
ឯកឧត្តមទីប្រឹក្សា បានបន្តថា កាយវិការ ដ៏គួរឱ្យគោរព ចំពោះសិល្បៈ នៃភាពជាអ្នកដឹកនាំ របស់សម្តេចតេជោហ៊ុន សែន នៅអំឡុងពេលនេះ ទោះបីកន្លងមក មានបណ្តាប្រទេសខ្លះរិះគន់ ឬសើចចំអកឱ្យកម្ពុជា ឬមានការវាយតម្លៃដោយខុសឆ្គង ពីបណ្តាបងប្អូនគណបក្សប្រឆាំង ប៉ុន្តែ គុណសម្បត្តិដ៏ធំធេងរបស់សម្តេច សម្តេចហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដ៏មានមោទកភាពល្បីល្បាញគួរឱ្យគោរព លើឆាកអន្តរជាតិ ជាប្រវត្តិសាស្រ្ត។
ឯកឧត្តមពៅ សុខ បញ្ជាក់ថា ចំពោះការចងក្រង និងបោះពុម្ពសៀវភៅនេះ គឺ ដើម្បីជាតឹកតាងជាប្រវត្តិសាស្រ្ត ជាសារណា ឬនិក្ខេបបទ នៃមនុស្សជាតិ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ដែលបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច តែចិត្តធំ ចិត្តទូលាយ និងមានមេដឹកនាំល្អ គួរឱ្យកោតសរសើរ នាសវត្សរ៍ទី២១ ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដែលគេមិនអាចបដិសេធបាន ព្រោះដំណាក់កាលនេះ ពុំទាន់មានប្រទេសណាមួយ អាចធ្វើបានល្អដូចកម្ពុជាឡើយ កម្ពុជា ពិតជាមានមោទកភាព។
ឯកឧត្តមបញ្ជាក់ទៀតថា សៀវភៅ (សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវី១៩ )នេះ នឹងបោះពុម្ពផ្សាយដំណាលគ្នា ឬមុនក្រោយគ្នាបន្តិចបន្តួច ជាមួយសៀវភៅ (សម្តេចហ៊ុន សែន កំពូលស្ថាបនិក និងបិតា សន្តិភាពរបស់កម្ពុជា)៕