(ខេត្តកំពត)៖ នគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងរយះពេល២ថ្ងៃនេះកំពុងធ្វើការត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍មុននិងចូលទឹកដីកម្ពុជា ដោយការត្រួតពិនិត្យនេះសមត្ថកិច្ចតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ឱ្យបានគ្រប់គ្នាខណះពេលមានមេរោគថ្មីមួយឈ្មោះកូរ៉ូណាវីរុសផ្ទុះឡើងនៅប្រទេសចិន។
លោកឧត្តមសេនីត្រីយ៍ ជុំ ប៊ុណ្ណារ័ត្ន នាយនគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ក៏បានបើកកិច្ចប្រជុំជាមួយមន្ត្រីនគរបាល មន្ត្រីគយ និងគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយឱ្យមន្ត្រីនគរបាលទាំងអស់ត្រូវតែបំពេញភារកិច្ចរបស់ខ្លួនគឺណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ឱ្យបានគ្រប់គ្នាដើម្បីការពារមេរោគថ្មីមួយដែលកំពុងរាតត្បាត។
លោកឧត្តមសនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន បានដាក់កម្លាំងបន្ថែមនៅច្រកព្រំដែនសម្រាប់ជួយចែកម៉ាស់ជូនអ្នកធ្វើដំណើរជនជាតិផ្សេងៗ ពិសេសជនជាតិវៀតណាមដែលតែងតែឆ្លងកាត់តំបន់នេះ ព្រោះថាមនុស្យដែលឆ្លងដែនទាំងនោះ យើងមិនទាន់ដឹងថាតើអ្នកណាមួយកើតមានជំងឺនេះនៅក្នុងខ្លួននោះឡើយ។
លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន បានបញ្ជាក់ទៀតថា ចំពោះករណីជនជាតិចិនវិញ អំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ មិនបានឃើញធ្វើដំណើរឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកនេះទេ ប៉ុន្តែទោះជាពុំមានជនជាតិចិនឆ្លងកាត់ច្រកទ្វារព្រំដែនក្តី យើងត្រូវតែមានការប្រុងប្រយ័ត្ន ហើយត្រូវឱ្យអ្នកដំណើរឆ្លងកាត់ព្រំដែនជាធម្មតា។ដោយឡែកក្រុមគ្រូពេទ្យនៅទីនេះបាននិងកំពុងដាក់ឧបករណ៍តាមដានជាប្រចាំផងដែរ ស្ថិតក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះ៕