កណ្ដាល ៖នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ស្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ប្រធាន-អនុប្រធានសាខាគយ និងរដ្ឋាករ សាខាពន្ធដារ, អភិបាលក្រុង-ស្រុក, អធិការនគរបាលក្រុង-ស្រុក, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ១២៦០ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរងនគរបាលខេត្តកណ្តាល ទៅជាស្នងការនគរបាលខេត្តកណ្តាល ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ដែលត្រូវទៅបម្រើការជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន៕