ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
ខេត្តកំពត៖
ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយទទួលបានភ្ញៀវទេសចរសរុប ចំនួន២៣ ២៧៨ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកបានបន្ដថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកប្រធានមន្ទីរបានលើកឡើងថាស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឱ្យមានបាតុភាពនោះទេ។
សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕
www.information.gov.kh