ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការ ឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ដែលចុះហត្ថលេខា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេស មិនធ្វើចត្តាឡីស័ក ពីមួយលានរៀល ដល់ប្រាំលានរៀល។
បើតាមអនុក្រឹត្យរាជរដ្ឋាភិបាល ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាល នៃជំងឺនៅតាមច្រកចេញ-ចូល ត្រង់មាត្រា៨-ថ្មី បានបញ្ជាក់ថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១,០០០,០០០ (មួយលាន)រៀល ទៅ ៥,០០០,០០០ (ប្រាំលាន)រៀល និងតម្រូវឱ្យអនុវត្តន៍វិធានការសុខាភិបាល។
www.information.gov.kh