ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
(កំពង់ស្ពឺ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌, ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ការពាររដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានកងទ័ពជើងគោក។
សូមបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺននិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ មានចំនួនសរុប ២៣៦ នាក់ ក្នុងនោះមាននិស្សិតនារី ៤០ នាក់ ដោយត្រូវធ្វើការហ្វឹកហ្វឺនជាក់ស្ដែងរយៈពេល៤ឆ្នាំ។
ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រសិទ្ធិនាមវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ ជាជំនាន់«តេជោសន្តិភាព កម្ពុជា-ចិន»។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះលទ្ធផលដែលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ សម្រេចបាននៅក្នុងការខិតខំរៀនសូត្រ ព្រមទាំងបានផ្តាំផ្ញើនិស្សិតនាយទាហានទាំងអស់ ត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធអុីនធើណេត និងបច្ចេកវិទ្យាទំនើប មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀនដើម្បីចប់» និងមានសេចក្តីអំណត់ តស៊ូព្យាយាម ដើម្បីសម្រេចបានជោគជ័យក្នុងការងារ។
នៅចុងបញ្ចប់នៃការថ្លែងសំណេះសំណាល នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្តចូលរួមសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងត្រៀមខ្លួនការចាក់វ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខនេះ៕
www.information.gov.kh