(សៀមរាប)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ បានចុះពិនិត្យកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុង និងក្រៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៅទីនេះមានសណ្តាប់របៀបរៀបរយបានប្រសើរ មានចំណតរថយន្ត មានសួនស្មៅ ព្រៃឈើភាពបៃតង និងសោភ័ណភាពស្រស់បំព្រងទាំងខែប្រាំង និងវស្សា ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម និងក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការធ្វើកំណាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្រះ និងផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹក និងសម្ភារ: (ទុយយោ) សម្រាប់ដាក់ពង្រាយតាមប្រឡាយតូចៗ ដើម្បីស្រោចស្រពស្មៅក្នុងបរិវេណអង្គរវត្ត។
ជាចុងក្រោយ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះពិនិត្យកិច្ចការអភិវឌ្ឍន៍នៅខាងលិចនៃប្រាសាទអង្គរវត្តទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ជាប់ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ការកាត់ក្រីមែកឈើ ការរៀបចំសួនស្មៅ ដើមឈើ និងពិនិត្យការដាក់លូនៅក្នុងប្រព័ន្ធរំដោះទឹកភ្លៀងថែមទៀត។
ឯកឧត្តម ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញគ្រប់ការដ្ឋាន ដែលបានបំពេញការងារបានល្អប្រសើរ និងសម្រេចផលគួរមោទនភាពក្នុងការរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ និងផ្នែកបុរាណវិទ្យា ដើម្បីលើកតម្លៃនៃរមណីយដ្ឋានអង្គរ៕