(ព្រះវិហារ)៖ ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី៤ របស់សហភាពសហគមន៍កសិកម្មព្រះវិហារ មានជ័យ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្នុងក្រុងព្រះវិហារ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ការអនុវត្តនផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនឯកជន ក្នុងឆ្នាំ២០១៩ គឺទទួលបានជោគជ័យខ្លាំងបំផុត បើធៀបនឹងបណ្ដាឆ្នាំកន្លងមក។ ពោលគឺបរិមាណនៃការផ្គត់ផ្គង់សរុបក្នុងឆ្នាំ២០១៩ មានចំនួន១៣,០៣៥តោន ក្នុងនោះសហគមន៍លក់បានជាក់ស្ដែងសរុបចំនួន ១៤,៦៤៧តោន ស្មើនិងប្រមាណជិត១១២% នៃផែនការកិច្ចសន្យា ខណៈបណ្ដាឆ្នាំកន្លងទៅផ្គត់ផ្គង់បានប្រមាណតែ ៦០ ទៅ៧០% តែប៉ុណ្ណោះនៃផែនការកិច្ចសន្យា។
ទន្ទឹមនឹងភាពជោគជ័យនេះ លោក ពឹង ទ្រីដា ក៏បានស្នើដល់សមាជិកសហគមន៍ទាំងអស់ ធ្វើយ៉ាងណាត្រូវរក្សារកេរ្ដិ៍ឈ្មោះ និងកិត្តិយសស្រូវសីរាង្គខេត្តព្រះវិហារឱ្យបាន ដោយមិនត្រូវឱ្យនរណាម្នាក់ ធ្វើឱ្យខូចតម្លៃដែលបានខិតខំប្រឹងប្រែងរយៈពេល៦ឆ្នាំកន្លងមកនេះ។ ហើយទាំងនេះអាស្រ័យទៅបាន គឺចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់សមាសភាពនៃសហភាពសគមន៍ទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បាន លើកឡើងថា តាមរយៈការអនុវត្តន៍សកម្មភាពអាជីវកម្ម និងសេវាកម្មកន្លងមករបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដោយមានការសហការ និងការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម ព្រមទាំងដៃគូរនានា ឯកឧត្តមសង្ឃឹមជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ នឹងត្រូវបានកាត់បន្ថយមួយកម្រិតបន្ថែមទៀត តាមរយៈសកម្មភាពផលិតស្រូវសរីរាង្គ ដោយផ្អែកលើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសកម្មភាពអាជីវកម្មផ្សេងៗទៀតរបស់សហភាព។
តាមការបញ្ជាក់របស់ លោក ធួន សាន ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យមានសមាជិកសរុបចំនួន ២៤សហគមន៍កសិកម្ម ដែលមានមុខរបរដូចគ្នា គឺមុខរបរទីផ្សារស្រូវសរីរាង្គ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ជាលទ្ធផលសហភាពបាន សម្របសម្រួល និងគាំទ្រដល់សមាជិកសហគមន៍កសិកម្មសរុបចំនួន ២៥ ក្នុងការផលិតស្រូវ សរីរាង្គ ស្របតាមស្ដង់ដារ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីលក់ឱ្យក្រុមហ៊ុនចំនួន៣ ក្នុងបរិមាណ ១៥០០០តោន។ ក្រៅពីនេះសហភាពបានធ្វើអាជីវកម្មផ្ទាល់ខ្លួនដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ រួមមានអាជីវកម្មផ្គត់ផ្គង់ជីសរីរាង្គ HB១០១ និងបានផ្ដល់សេវាកម្មឥណទានដល់សមាជិក។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ កម្មវិធីអាស់ស្ប៉ាយ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក៏បានរៀបចំពិធីប្រគល់សម្ភារៈកសិកម្មជូនដល់សហគមន៍ចំនួន ២៥ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ការផលិតស្រូវសរីរាង្គរបស់កសិករ។ ដោយក្នុង នោះសហគមន៍ចំនួន២៤ ទទួលបាននូវម៉ាស៊ីនបូមទឹកម៉ាក នីកានិច កំលាំង៦.៥HP ០១គ្រឿងនិងទុយោតង់ក្រាស់ល្អ០១ដុំ, ដោយឡែកសហគមន៍០១ផ្សេងទៀត គឺសហគមន៍កសិកម្មតស៊ូសែនជ័យ ជាសហគមន៍ឆ្នើមទទួលបានជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២០ ពីក្រសួងកសិកម្ម ទទួលបាន គោយន្ដគូប៊ូតា ០១គ្រឿង និងសម្ភារៈមួយចំនួនទៀតផងដែរ៕