ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ គិត អ៊ី ត្រូវជាប់ពន្ធនាគារពីបទចោទរស់នៅលើដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរអស់រយៈពេល 10 ខែហើយ ត្រូវបានស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តព្រះសីហនុបានរយៈពេលពីរថ្ងៃ ។
គ្រូពេទ្យអះអាងថា គាត់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។ ករណីខាងលើនេះ គឺមកពីប្រជាពលរដ្ឋឈ្មោះ គិត អ៊ី បានចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ច ដោយមិនមានការអនុញ្ញាត ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវចាប់បញ្ជូនដាក់ពន្ធនាគារ កាលពីថ្ងៃ16/07/ឆ្នាំ2022 ។
គិតទៅអស់រយៈពេល 10 ខែរហូតមកដល់ថ្ងៃទី 18 ខែមីនាឆ្នាំ 2023 នេះ គាត់បានទទួលមរណភាពហើយ ដោយមិនទាន់បានកាត់ទោសនៅឡើយ ។ តើនេះជាទោសអ្វីឲ្យប្រាកដ ។
បើតាមការបញ្ជាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ហើយថា បញ្ហារងគ្រោះដីធ្លី មិនត្រូវបានឲ្យចាប់ដាក់គុកនោះទេ តើអាជ្ញាធរមានបំណងធ្វើផ្ទុយពីប្រសាសន៍សម្ដេច ឬក៏អ្នកទោសរូបនោះ មានទោសអ្វីផ្សេង ឲ្យប្រាកដ ។
សូម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជួយបំភ្លឺជុំវិញបញ្ហានេះ អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម គួច ចំរើន រៀងរាល់ម៉ោងធ្វើការ ។ សូមអរគុណ ៕