(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២ ០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។
សម្តេចធិបតី បានមានប្រសាសន៍ថា អ្វីដែលរាជរដ្ឋា ភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ជាពិសេស ការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ច តាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក ។ ឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការរាតត្បាតឡើងវិញនៃជំងឺកូវីដ-១៩ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
សម្តេចធិបតីបានបន្តលើកឡើងថា មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០ ៦គ្រែ។
សម្តេចក៏បានគូសបញ្ជាក់បន្ថែមទៀតថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ។
ថ្លែងនៅក្នុងអង្គពិធីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្លាសម្រាប់ក្រសួងសុខា ភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះ មានទាំងថ្នាក់ក្រោមជាតិផងដែរនោះ រួមមានដូចត ទៅ៖
១-ក្រសួងសុខាភិបាល ត្រូវគិតគូរនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែក ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋ ក៏ដូចជាពង្រឹងមន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ នៅក្នុងការពិនិត្យ និងព្យាបាលជំងឺ និងផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយ ចំណាយក្នុងការមកទទួលសេវាសុខាភិបាល របស់ប្រជាជនផង។
២-សម្តេចលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការ រវាងបណ្តាក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានបដិសេធក្នុងការធានាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះឡើយ។
៣-ក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិបរមា នូវយន្តការផ្តល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ក៏ដូចជាពង្រឹងការបណ្តុះបណ្តាលជំនាញទាំងផ្នែកសុខាភិបាល និងជំនាញទន់។ សម្តេចសូមលើកទឹកចិត្ត ដល់មន្រ្តីសុខាភិបាល គ្រូពេទ្យ និងបុគ្គលថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការធ្វើអទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើពីអ្វីៗទាំងអស់ ហើយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌អាជីព ព្រោះថាអាជីពជាចម្បងរបស់អ្នកទាំងអស់ គឺការសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅ ដែលតម្រូវឱ្យមានការព្យាបាលប្រកបដោយទឹកចិត្តបរិសុទ្ធ គោរពស្រលាញ់អ្នកជំងឺ និងអ្នកជំងឺសុខាភិបាល ដូចជាសមាជិកក្រុមគ្រួសាររបស់ខ្លួន។
៤-ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ និងពង្រឹងការគ្រប់គ្រង ការផលិត ការកែច្នៃ ការនាំចូលម្ហូបអាហារ និងថ្នាំសង្កូវ ដែលមានផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនយើង។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ គ្រឿងបរិភោគ ដែលប៉ះពាល់ ជាអវិជ្ជមានទាំងនោះ ព្រោះយើងមិនចង់សុខភាពប្រជាពលរដ្ឋរបស់យើង រងផលប៉ះពាល់ ដោយសារម្ហូបអាហារ និងថ្នាំសង្កូវនោះទេ។
៥-ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងក្របខណ្ឌ នៃគណៈកម្មការរដ្ឋាភិបាលឌីជីថល ពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេសនៅគ្រប់មន្ទីរពេទ្យទាំងថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាល ឱ្យវេជ្ជបណ្ឌិតគ្រូពេទ្យ និងមន្រ្តីសុខាភិបាល ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលឱ្យបានទូលំទូលាយ។
៦-សម្តេចស្នើដល់ក្រសួងសុខាភិបាល សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះចាំបាច់ត្រូវមានសុគតភាព ជាមួយ ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រដទៃទៀត ជាពិសេស យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបាន ដាក់ចេញ ហើយអាទិភាពចម្បងបំផុតត្រូវផ្តល់ទៅលើការសម្របសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបានសេវាសុខាភិបាលមួយប្រកបដោយគុណភាព៕