(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្ម សម្រាប់តំបន់។ ដើម្បីជួយឱ្យឈានដល់ការសម្រេចទិសដៅនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យរាជរដ្ឋាភិបាលជប៉ុន សហការជួយកម្ពុជា ក្នុងការរៀបចំផែនការមេ និងលើកទឹកចិត្តវិស័យឯកជនជប៉ុន ជំរុញធ្វើឱ្យអភិវឌ្ឍកំពង់ផែព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់(ឡូជីស្ទីក)។
ការស្នើនេះធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំឱ្យឯកឧត្តមអនុរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដើម្បីជួយលើកទឹកចិត្ត និងជំរុញស្ថាប័ន្ធពាក់ព័ន្ធរបស់ជប៉ុនជាពិសេស JICA ដើម្បីធ្វើការពិភាក្សាជាមួយកម្ពុជា ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានក្រុម (Leader Team) ក្នុងការពិភាក្សាគ្នារៀបចំផែនការមេ ដើម្បីប្រែក្លាយកន្លែងនេះ [កំពង់ផែព្រះសីហនុ] ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម សម្រាប់តំបន់។ រៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីចូលរួមជាដៃគូគន្លឹះរបស់យើង ក្នុងពង្រីកលទ្ធភាពនៅទីនេះ»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការគិតគូរ ដល់ការរៀបចំទីតាំងបន្ថែមទៀត ដើម្បីត្រៀមពង្រីកវិសាលភាពឱ្យកាន់តែធំ ព្រោះការបង្កើតឱ្យមានមជ្ឈមណ្ឌលភស្តុភាកម្មសម្រាប់តំបន់ គឺត្រូវការទីតាំងធំទូលាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចារ រៀបចំឲ្យបានដាច់ស្រេច មុនដំណាច់ខែ១២នេះ ដើម្បីឈានដល់ការអនុវត្ដ នូវការរៀបចំចេញផែសម្រាប់ផ្ទេរទំនិញ […] ការពង្រីកសក្ដានុពលនេះ នឹងបន្ថែមកំណើនសេដ្ឋកិច្ចជាតិ»។
គួររំឭកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។
ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥លានដុល្លារ កើនឡើង ២,៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។
សម្រាប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលត្រូវបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។
បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។ ជំហានទី៣ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើនឹង ១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូន ក្នុងតំបន់អឺរ៉ុប អាមេរិក និងទូទាំងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រីកសក្ដានុពលនេះ មិនត្រឹមតែបន្ថែមកំណើនសេដ្ឋកិច្ចជាតិទេ គឺនឹងធ្វើឲ្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងបង្កើនឱកាសការងារ ក៏ដូចជាចំណូលបន្ថែម ទៅដល់កម្មករនិយោជិក ក៏ដូចជាបុគ្គលិកទាំងអស់។ ហើយនេះជាអ្វីដែលរាជរដ្ឋាភិ បាលចង់បាន ដែលជាផលយកមក ដើម្បីចែករំលែក ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំឭកយ៉ាងដូច្នេះថា៖ «ក្នុងប៉ុន្មានខែនេះយើងសម្ពោធសមិទ្ធ ផលរួមគ្នាជាច្រើន ហើយនេះជានិមិត្តរូបនៃស្ថាន ការណ៍ អបអរសាទរនូវខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន រីកចម្រើនពូនជ្រំនូវទំនាក់ទំនងដោយលេចចេញនូវផ្លែផ្កានៅលើដីសម្រាប់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ប្រទេសជប៉ុន បានរួមចំ ណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍ និងការតភ្ជាប់ប្រ ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសជួយដល់អភិវឌ្ឍកំពង់ផែព្រះសីហនុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការពង្រីកសក្ដានុពលនេះ នឹងជួយសេដ្ឋកិច្ច និងជួយបង្កើនការងារ នៅគ្រប់កន្លែងទាំងអស់ បានរីកចម្រើ ន ដោយសារការអភិវឌ្ឍន៍ នៅក្នុងកំពង់ផែយុទ្ធសាស្ដ្រ នៅក្នុងកំពង់ផែរបស់យើង រួមទាំងកំពង់ផែខេត្ដព្រះសីហនុផងដែរ៕