(ភ្នំពេញ)÷ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបង្ហូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ ៣ហិចតា។
គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ៕