ភ្នំពេញ ថ្ងៃពុធ ១០រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ការផលិតវ៉ាក់សាំងជំងឺកូវីដ-១៩ គឺមិនអាចនឹងធ្វើឡើងក្នុងរយៈពេលត្រឹមតែមួយខែអាចចេញបាននោះទេ ដោយត្រូវការរយៈពេលសិក្សាដើម្បីរកឃើញវីរុសនោះយកមកប្រើប្រាស់ដើម្បីអាចដាក់នៅក្នុងខ្លួនមនុស្សបានដោយនៅពេលដែលចាក់ទៅក្នុងខ្លួនមនុស្សគឺមិនឱ្យមនុស្សនោះឈឺទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលបែបនេះ គឺឆ្លើយតបទៅនឹងការចោទជាសំណួរ របស់អ្នកសារព័ត៌មានជាច្រើនអ្នក ជុំវិញការប្រកាសរបស់អ្នកជំនាញវិទ្យាសាស្រ្តយោធាចិនស្រាវជ្រាវដែលបានរកឃើញវ៉ាក់សាំងនៃជំងឺ(COVID-19)ខូវីឌ-១៩ ដោយជោគជ័យ ហើយដែលត្រូវបានស្ថានទូតចិនប្រចាំកម្ពុជាប្រកាសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា បើកាលណាវ៉ាក់សាំងផលិតមិនស្រួល ហើយយកមកវ៉ាក់សាំងនោះមកចាក់លើខ្លួនមនុស្ស អាចមនុស្សនោះបែរទៅជាឈឺទៅវិញ។ ដូច្នេះ គេមានការប្រយ័ត្នប្រយែងខ្លាំងណាស់ចំពោះបញ្ហានេះ ហើយអ្វីដែលគេប្រយ័ត្នខ្លាំងនោះ គឺកាលណាវ៉ាក់សាំងត្រូវបានស្រាវជ្រាវ និងធ្វើការតេស្តសាកល្បងរួចរាល់ហើយនោះ ត្រូវមានការបញ្ជាក់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។ លោកជំទាវបានបញ្ជាក់ថា អង្គការសុខភាពពិភពលោក គឺមានក្រុមការងារវេជ្ជសាស្រ្តរបស់គេដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាវ៉ាក់សាំងនោះពិសេស និងមានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់ចំពោះប្រជាពលរដ្ឋទូទាំងពិភពលោក៕